សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកា ២០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចតេជោ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ មានខ្លឹមសារទាំងស្រុងថា« ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។
ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។
អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំ ការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។
ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមអំពាវនាវសប្បុរសជនចូលរួមជួយ ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ ខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១»៕