វៀតណាមគ្រោងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន២ខ្សែ តភ្ជាប់ពីរដ្ឋធានីហាណូយជាមួយចិនមុនឆ្នាំ ២០៣០។ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី៨ ខែមេសា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមបានយល់ព្រមផ្តល់អាទិភាពដល់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែមុនឆ្នាំ២០៣០ ដែលតភ្ជាប់ពីទីក្រុងហាណូយជាមួយចិន។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្មរបស់វៀតណាម។ បច្ចុប្បន្នប្រទេសទាំងពីរត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចាស់ៗចំនួន២ខ្សែ។
ក្រសួងផែនការ និងវិនិយោគវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី៩ ខែមេសា ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា ផ្លូវល្បឿនលឿនមួយនឹងដំណើរការពីទីក្រុងកំពង់ផែ ហាយហ្វុង និង ក្វាងនិញ របស់វៀតណាមឆ្លងកាត់ទីក្រុងហាណូយទៅកាន់ខេត្តឡាវកាវជាប់ព្រំដែនខេត្តយូនណានរបស់ចិន។
តាមផែនការរបស់ក្រសួង ផ្លូវដែលនៅសេសសល់មួយខ្សែទៀត គឺរត់ពីទីក្រុងហាណូយទៅកាន់ខេត្តឡាំងសឺនជាប់ព្រំប្រទល់តំបន់ក្វាងស៊ីរបស់ចិនដោយឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅច្រើនរួមទាំងតំបន់ឧស្សាហកម្មសំខាន់ៗ ដែលផ្នែកខ្លះជាក្រុមហ៊ុនអ្នកវិនិយោគចិន។
«អាទិភាពការរៀបចំ និងចាប់ផ្តើមការសាងសង់មុនឆ្នាំ២០៣០ លើផ្លូវរថភ្លើងល្បឿនលឿន ឡាវកាយ- ហាណូយ-ហាយហ្វុង-ក្វាងនិញ និងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែទៀតគឺពីឡាំងសឺន-ហាណូយតភ្ជាប់ជាមួយចិន»។ សារព័ត៌មាន VnExpress បានដកស្រង់សេចក្តីប្រកាសពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលើការរៀបចំផែនការតំបន់ដីសណ្តទន្លេក្រហមសម្រាប់រយៈពេល២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ សេចក្តីប្រកាសមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោងទាំងនោះទេ។
តាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលបានលើកឡើងថា គោលដៅនៃការស្រាវជ្រាវពង្រីកការអភិវឌ្ឍន៍និងការរៀបចំចរាចរណ៍ គឺដើម្បីដោះស្រាយការកកស្ទះនៅក្នុងតំបន់ ហើយស្ថាប័នពាក់ព័ន្ធនានាត្រូវបានទាមទារដើម្បីពិនិត្យឡើងវិញនូវផ្លូវច្រករបៀងសាធារណៈឧស្សាហកម្ម ដើម្បីធានាការតភ្ជាប់ចរាចរណ៍និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។
ផ្លូវរថភ្លើងល្បឿនលឿនដ៏ធំដែលតភ្ជាប់រដ្ឋធានីហាណូយជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងហូជីមិញក៏គ្រោងដាក់ផែនការឆាប់ៗនេះដែរ។
កាលពីដើមខែនេះ រដ្ឋាភិបាលវៀតណាមថាខ្លួនកំពុងស្វែងរកការរៀនសូត្រពីចិនដើម្បីអភិវឌ្ឍបណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួន ហើយបានបញ្ជូនមន្ត្រីទៅធ្វើការជាមួយក្រុមហ៊ុនផ្លូវដែកចិន។
នៅថ្ងៃទី៨ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញ វ៉េ បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវដែកចិនក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងអំឡុងពេលជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង។
តាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមដែលដកស្រង់ដោយ Reuters ទំហំពាណិជ្ជកម្មរវាងវៀតណាម និងចិនក្នុងត្រីមាសទី១ឆ្នាំនេះបានកើនឡើង ២២ភាគរយធៀបនឹងឆ្នាំមុនមានតម្លៃ ៤៣,៦ពាន់លានដុល្លារ។
ដ្បិតចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ប៉ុន្តែប្រទេសនេះកំពុងមានជម្លោះដែនសមុទ្រជាមួយទីក្រុងហាណូយ។ យ៉ាងណាមិញការវិវឌ្ឍន៍ថ្មីៗបង្ហាញថា ភាពតានតឹងបានធូរស្រាល ខណៈដែលទីក្រុងប៉េកាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេដឹកនាំមួយចំនួនពីវៀតណាមនាពេលថ្មីៗ ស្របពេលប្រទេសនេះមានការផ្លាស់ប្តូរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីរក្សាគម្លាតពីអាម៉េរិក៕